រឿងដែកគោល


រឿងដែកគោល៖ បុរសម្នាក់ចេញពីធ្វើការមានអារម្មណ៍ហាក់ធុញទ្រាន់ នឹងការងារណាស់ ដោយសារគាត់ម៉ួម៉ៅក្នុងចិត្តថា នៅកន្លែងការងារ​របស់គាត់ហេតុអីមានបុគ្គលិកក្រោមបង្គាប់ច្រើនបែប និងសណ្ឋានម៉្លេះ ម៉្តេចមិនរើស​យកតែអ្នកល្អៗ និងពូកែៗមកធ្វើការបានហើយ ពិបាកប្រើ និងគ្រប់គ្រងណាស់ ។ 

មកដល់ផ្ទះដើម្បីបន្ថួយភាពតានតឹង គាត់ក៏គិត​ចង់ធ្វើកៅអីឈើមួយ គ្រាន់អង្គុយលំហែក្រៅផ្ទះ ដោយគាត់ ចាប់ផ្តើម​ប្រមូលឈើ និងដែកគោលចាស់ៗ​ដែលសល់ និងដែលបានដកចេញ​មក​ពីឈើក្តារផ្សេងៗ ត្រូវបានរក្សាទុកក្នុងធុងជ័រមួយយូរហើយ ។ គាត់សំឡឹងទៅដែកដែលនៅក្នុងធុងមានយ៉ាងច្រើន ខ្លះត្រង់ល្អ ខ្លះកោង ខ្លះវៀច និងខ្លះក្រងិកក្រង៉ក់ពីរបីបត់ ។ គាត់ពិចារណា​ចំពោះ​ដែកគោលទាំងគ្រប់បែប ហើយបានរើស​យក​ដែកគោលដែលត្រង់ល្អ​មកប្រើមុនគេ បន្ទាប់មកវៀចតិចតួច គាត់តម្រង់ប្រើ និងរើសបន្តបន្ទាប់​តាម​សណ្ឋាននៃ ដែកគោល ។ យូរៗទៅគាត់កាន់តែមានអារម្មណ៍ពិបាក​រើសយកដែក​គោលទាំងនោះ​មកប្រើណាស់ គាត់គិតពិចារណាថា ដែកគោលទាំងនេះ បើត្រង់ស្រួលប្រើ​ បើវៀចតិចតួចតំរង់ទៅប្រើបាន បើវៀចមួយធ្នត់ខ្លាំង ពិបាកបន្តិច តម្រង់រួចដុំចូលឈើជួនវៀចម្តងទៀត តែបើវៀចពីរបីធ្នត់ កាន់តែពិបាកប្រើការណាស់ ជួនកាលពេលដុំទៅ ត្រូវវៀច និងតម្រង់ពីរបីដងទៀតទើបប្រើបាន​ ជួនកាលដុំទៅ ភ្លាត់ញញួរ ត្រូវមេដៃឯង​ទៀត តើគួរនឹងទុក ឬបោះចោល? គាត់ក៏ឆ្លើយ​ខ្លួនឯងថា បើនៅមានសភាពអាចតម្រង់ និងគុណភាពជាដែកគោល ត្រូវប្រើអោយអស់ សំខាន់យើងត្រូវដឹងថា​ ដែលគោលនេះវៀចកំរិតណា ដើម្បីប្រើបច្ចេកទេសដុំអោយត្រូវ និងសភាពសាច់ឈើទើបមិនវៀច​ទៀត សោះបើទិញថ្មីថែមត្រូវចំណាយប្រាក់ទៀត តែបើសភាពច្រែះស៊ី ពុកគុណភាពដែកហើយ ត្រូវតែបោះចោល​ ទុកខ្លាចឆ្លងច្រែះដល់​ដែកគោលផ្សេងៗទៀត ។ ដល់ចំណុចនេះគាត់ក៏បានធូរចិត្ត រលឹកស្មាតី ថាដែកគោលជារបស់ឥតវិញ្ញាណផងគង់មានសភាពខុស​គា្ន និងពិបាកប្រើ ចុះទំរាំមនុស្សវិញ ។ ដកស្រង់ពីក្នុងធុងជ័រ!

Comments