មានសត្វក្អែកមួយក្បាលរស់នៅក្នុងព្រៃជ្រៅ យ៉ាងសប្បាយរីករាយ
ថ្ងៃមួយក្អែកក៏ប្រទះឃើញសត្វហង្ស ដ៏ស្រស់ស្អាត
ឆើតឆាយមួយក្បាលរស់ក្នុងព្រៃយ៉ាងសប្បាយរីករាយ ។ ក្អែកក៏នឹកអន់ចិត្ដនិងពណ៌ខ្មៅ
ដែលមានលើខ្លួនឯងពន់ពេកណាស់ ក៏ទៅជជែកជាមួយហង្សថា " បងហង្ស
បងមើលទៅពិតជាស្អាតណាស់ ស្អាតដូចបងទើបជាសត្វដ៏មានតម្លៃ នឹងសេរីភាព
ពិតជាគួរឲ្យច្រណែនណាស់ " ហង្សក៏តបវិញថា " ទេបងក្អែក
រួបរាងខ្ញុំប៉ុណ្ណឹងមិនទាន់ហៅថាស្អាតនោះទេ គឺនៅចាញ់សត្វសេកនៅឡើយ
ព្រោះសត្វសេកមានពណ៌ជាច្រើនចម្រុះលើខ្លួន មើលទៅស្អាតជាងខ្ញុំឆ្ងាយណាស់ " ។
ក្អែកឮដូឆ្នេះ ក៏ទៅរកសត្វសេក ហើយក៏បានឃើញរួបឆោមដ៏ល្អឯករបស់សត្វសេកក៏ទៅចួបសត្វសេកហើយពោលសរសើរថា
" បងសេក បងពិតជាស្អាតណាស់ ស្អាតដូចបងទើបគួរឲ្យស្រលាញ់គួរឲ្យច្រណែនណាស់!!
ខុសពីខ្ញុំដែលមានតែពណ៌ខ្មៅអាក្រក់ខ្លាំងណាស់ " សេកឮដូច្នេះសប្បាយចិត្ដពន់ពេក
ក៏តបទៅក្អែកវិញថា " អរគុណបងដែលបានសរសើរ ខ្ញុំស្អាតមែន តែខ្ញុំនៅចាញ់សត្វក្ងោកទេ
ព្រោះសត្វក្ងោកធំជាងខ្ញុំហើយមានពណ៌ឆើតច្រើនជាងខ្ញុំឆ្ងាយណាស់ "។
ក្អែកឮដូច្នេះក៏ទៅស្វែងរកសត្វក្ងោកដោយសារសត្វក្ងោកជាសត្វស្រស់ស្អាតលើសគេនិងជាសត្វកម្រផង
មនុស្សក៏យកសត្វក្ងោកមកចិញ្ចឹមក្នុងសួនសត្វ ក្អែកបានចួបក្ងោកនៅក្នុងសួនសត្វ ។
លុះដល់ពេលមនុស្សចេញពីមើលសត្វអស់ ក្អែកក៏ទៅចួបនិងក្ងោក ហើយពោលសរសើរថា "
បងក្ងោកបងឯងពិតជាមានសម្រស់ស្រស់ស្អាតលើសគេមែន ពណ៌លើខ្លួនបងស្អាតណាស់
គួរឲ្យច្រណែនមែននេះ!!! ខុសពីខ្ញុំដែលខ្មៅដូចខ្យុងមិនស្អាតបន្ដិចសោះ អន់ចិត្ដណាស់
" ក្ងោកក៏តបទៅក្អែកវិញថា " ត្រូវហើយ ខ្ញុំស្អាតណាស់ខ្ញុំក៏ដឹងដែរ
ខ្ញុំជាបក្សីដែលល្អឯកលើសបក្សីនានា
ទើបបានជាខ្ញុំត្រូវមកជាប់ទ្រុងហើយគ្មានសេរីភាពបែបនេះ ខ្ញុំមិនចង់ស្អាតទេ
ខ្ញុំចង់បានសេរីភាពជាង ខ្ញុំច្រណែនឯងណាស់ "
ក្អែកឮហើយក៏ឈប់និយាយរួចហើរទៅវិញបាត់ ៕
តម្លៃអប់រំ៖ មិនថាមនុស្សឬសត្វទេ
គឺតែងតែមានចំណុចល្អរៀងៗខ្លួន គ្រាន់តែពេលខ្លះយើងមើលមិនឃើញទើបយើងចេះតែមើលឃើញចំណុចមិនល្អ។
ចូរពេញចិត្ដនិងអ្វីដែលយើងមាន ហើយរីករាយនិងការពិតទាំងនោះ
ព្រោះបើយើងប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ យើងនិងមើលតែចំណុចល្អរបស់គេ
ហើយមើលមកខ្លួនឯងមិនស្មើគេ រួចស្អប់ខ្លួនឯង មើលងាយខ្លួនឯង គិតថាខ្លួនឯងចោលម្សៀត
តែតាមពិតអ្នកអន់មែន តែមិនមែនអន់គ្រប់រឿងនោះទេ ។" ឡៅ ជឺ "បានពោលថា"
នៅពេលដែលយើងឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ នោះមនុស្សគ្រប់គ្នារួមទាំងយើងផងនោះ
នឹងមើលឃើញយើងជាយើងពិតប្រាកដ។ សេចក្ដីសុខនៃផ្លូវចិត្ដរបស់យើង
វានឹងកើតមានឡើងប្រសិនបើយើងចេះពេញចិត្ដនូវអ្វីដែលយើងមាន ហើយឈប់ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ
។
Comments
Post a Comment